
ថ្ងៃទី១២ ឧសភា ២០២៦
ក្នុងស្មារតីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កម្មករនិយោជិក ពិសេសអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។
រាជធានីភ្នំពេញ៖ ក្នុងស្មារតីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កម្មករនិយោជិក ពិសេសអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនអាជីវករ និងអ្នកបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ២៥០នាក់។





រូបភាព 5 សន្លឹក
វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថានក្នុងវេទិកានេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីអន្តរវិស័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចីរភាពបរិស្ថាន។ ផ្អែកតាម «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» របស់រាជរដ្ឋាភិបាលកម្ពុជា ការធានាបាននូវការងារសមរម្យ និងបរិស្ថានការងារប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការជំរុញសង្គមមួយឆ្ពោះទៅរកភាព «ស្អាត បៃតង និងចីរភាព»។ បងប្អូនប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអាជីវករលក់ដូរតាមដងផ្លូវ និងអ្នកផ្តល់សេវាដឹកជញ្ជូន សុទ្ធសឹងជាតួអង្គយ៉ាងសំខាន់ដែលចូលរួមដោយផ្ទាល់ក្នុងការថែរក្សាសោភ័ណភាពទីក្រុង ការគ្រប់គ្រងសំណល់ប្រកបដោយអនាម័យ និងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងសហគមន៍។ ដូច្នេះ ការគាំពារជីវភាពរស់នៅរបស់ពួកគាត់ គឺជាការរួមចំណែកដោយប្រយោលដល់ការលើកកម្ពស់សុខុមាលភាពបរិស្ថានសាធារណៈផងដែរ។
ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានគូសរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធជាអតិបរមា ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទទួលបានសំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ តាមរយៈរបបសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ផ្សេងៗ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកបម្រើការងារក្រៅប្រព័ន្ធ ងាកមកចាប់យកឱកាសការងារដែលមានតម្រូវការជាង ៩ម៉ឺនកន្លែងនៅតាមរោងចក្រសហគ្រាស ឬចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាការឆ្លើយតប និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានចាត់ទុកកម្លាំងពលកម្មក្រៅប្រព័ន្ធថាជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។ តំណាងអង្គការសង្គមស៊ីវិលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការគាំពាររបស់រដ្ឋ ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងហានិភ័យសុវត្ថិភាព និងសុខភាពការងារ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយរួមគ្នាជាបន្តបន្ទាប់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ មិនត្រឹមតែជាការរំលឹកដល់សិទ្ធិរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសន្ទនាសង្គមដ៏មានតម្លៃ ដែលបង្ហាញពីកិច្ចសហការអន្តរស្ថាប័ន ទាំងផ្នែកការងារ សេដ្ឋកិច្ច និងបរិស្ថាន ក្នុងគោលដៅរួមគឺការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការធានាបាននូវការអភិវឌ្ឍជាតិមួយប្រកបដោយបរិយាបន្ន និងចីរភាពយ៉ាងពិតប្រាកដ៕
សូមចុចអាន៖ https://www.facebook.com/share/p/1BER8KsAkE/






