
ថ្ងៃទី៨ មីនា ២០២៦
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសលើកទី២ លើវិធីសាស្ត្របង្រៀនកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ ជូនដល់គ្រូបង្គោល និងគណៈគ្រប់គ្រងសាលាបឋមសិក្សាគោលដៅទាំង៤០
រាជធានីភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង និងសមាគមគ្រូបង្រៀនទីក្រុងហុងកុង រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសលើកទី២ ស្ដីពីវិធីសាស្ត្របង្រៀនកម្មវិធី “អប់រំការគិតបែបកុំព្យូទ័រ” (CoolThink@JC) ជូនដល់គណៈគ្រប់គ្រងសាលា គ្រូបង្គោលមកពីសាលាគោលដៅចំនួន៤០ តាមបណ្តារាជធានី-ខេត្តទាំង៨ ដែលវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីនេះត្រូវបានបណ្ដុះបណ្ដាល ដោយគ្រូឧទ្ទេសមកពីសមាគមគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានៃទីក្រុងហុងកុង ក្រោមគម្រោង CoolThink@JC ដែលរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពាក់បំប៉នសិស្សានុសិស្សកម្រិតបឋមសិក្សា នូវមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Coding) តាមរយៈកម្មវិធី Scratch។





រូបភាព 12 សន្លឹក
ក្រោយបញ្ចប់ការវគ្គបណ្តុះបណ្តាល គណៈគ្រប់គ្រង និងគ្រូបង្គោល បានរៀបចំផែនការសកម្មភាព ដើម្បីចែករំលែក និងបណ្តុះបណ្តាលបន្តជូនដល់លោកគ្រូ-អ្នកគ្រូដទៃទៀត។ បន្ទាប់មកលោកគ្រូ-អ្នកគ្រូ បានចាប់ផ្តើមបង្រៀនកម្មវិធីនេះដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ឡើងទៅទាំងក្នុង និងក្រៅម៉ោងសិក្សាយ៉ាងសកម្ម។
ផលជះដ៏ធំធេងនៃកម្មវិធី Scratch ចំពោះកុមាររួមមាន៖
• ប្រែក្លាយពីអ្នកប្រើប្រាស់ មកជាអ្នកបង្កើតថ្មី៖ ជំនួសឱ្យការត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា (Technology Consumers) កម្មវិធីនេះជួយបើកគំនិតកុមារឱ្យក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា (Technology Creators) តាមរយៈការបង្កើតហ្គេម គំនូរជីវចល និងសាច់រឿងច្នៃប្រឌិតដោយខ្លួនឯង។
• អភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងការគិតត្រិះរិះ៖ ការរៀនសរសេរកូដដោយប្រើ Block ជួយឱ្យកុមារចេះវិភាគបញ្ហាជាប្រព័ន្ធ បំបែកបញ្ហាធំឱ្យទៅជាផ្នែកតូចៗ និងស្វែងរកដំណោះស្រាយប្រកបដោយតក្កវិជ្ជា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតឌីជីថលរបស់ពួកគេ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងស្របពេលនឹងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនូវកម្មវិធីនេះ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគាររដ្ឋបាលចៅពញាហុក ព្រមទាំងមានការប្រគល់លិខិតថ្លែងអំណរគុណជូនដល់គណៈគ្រប់គ្រង និងវិញ្ញាបនបត្រជូនដល់គ្រូបង្គោលមកពីសាលាគោលដៅទាំង៤០៕
សូមចុចអាន៖ https://www.facebook.com/share/p/1dCt4F8Ks1/







