
ថ្ងៃទី១៨ វិច្ឆិកា ២០២៦
អបអរសាទរពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026)» និងពិធីបិទវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ត្រូវបានបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង, ឯកឧត្តម Tô Lâm អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីកាណាដា។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ អង្គទូត ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធជាច្រើនសរុបប្រមាណជាង ១ ៣០០នាក់។
ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហគមន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។





រូបភាព 18 សន្លឹក
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះទទួលបានការចុះឈ្មោះចូលរួមសរុបចំនួន ២៨ ១២៤នាក់ មកពី ១០៦ប្រទេស ហើយរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៣០ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ក៏មានរៀបចំកម្មវិធីសំខាន់ៗជាច្រើន រួមមាន (១) ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ (២) ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល (៣) វេទិកាវិនិយោគ (៤) ការផ្គូផ្គងធុរកិច្ច និង (៥) វេទិកាពិភាក្សាដែលផ្តោតលើប្រធានបទស្នូលចំនួន ៧ រួមមាន ឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង ធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍ ស្ត្រីក្នុងវិស័យនវានុវត្តន៍ ព្រមទាំងបច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍ និងវប្បធម៌។
តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជារំពឹងថានឹងអាចពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញវិនិយោគថ្មីៗ ជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការចូលរួមកសាងអនាគតឌីជីថលប្រកបដោយបរិយាបន្ន និងចីរភាពក្នុងតំបន់ និងពិភពលោក។
សូមចុចអាន៖ https://www.facebook.com/share/p/1JYLnMv2xp/






