
ថ្ងៃទី២៦ មីនា ២០២៦
ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដែលនឹងជួយបង្កើនប្រសិទ្ធភាព តម្លាភាពក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ ជាពិសេសស្រ្តី និងការផ្តល់សេវាគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន
ក្រសួងកិច្ចការនារី ចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដ៏សំខាន់នៃការដាក់ឱ្យដំណើរការជាផ្លូវការ "ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលគាំពារសង្គមឌីជីថល" ក្រោមកិច្ចសហការ និងសម្របសម្រួលរវាងក្រសួងផែនការ និងក្រុមប្រឹក្សាជាតិគាំពារសង្គម។ ការដាក់ឱ្យប្រើប្រាស់ផតថល IDPoor លើថ្នាលឌីជីថល DSPP នេះ គឺជាការសម្រេចបាននូវបង្គោលចរថ្មីមួយបន្ថែមទៀត ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដែលនឹងជួយបង្កើនប្រសិទ្ធភាព តម្លាភាពក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ ជាពិសេសស្រ្តី និងក្រុមគ្រួសារ ក្នុងការទទួលបានសេវាគាំពារសង្គម បានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន។
ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។ ក្នុងនោះផងដែរ លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងវត្តមានចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍, តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សរុបប្រមាណ ៣០០នាក់ និងវត្តមានចូលរួមតាមប្រព័ន្ធវីដេអូអនឡាញដោយមន្ត្រីថ្នាក់ស្រុក និងឃុំ/សង្កាត់ ទូទាំងប្រទេសសរុបប្រមាណ ២០០០នាក់។





រូបភាព 8 សន្លឹក
សូមចុចអាន៖ https://www.facebook.com/share/p/1BqieyM9Hk/







